បំណងប្រាថ្នាដ៏ធំរបស់លោក វណ្ណ ម៉ូលីវណ្ណ ត្រូវបានលាតត្រដាង
- 2017-09-30 22:55:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បំណងប្រាថ្នាដ៏ធំរបស់លោក វណ្ណ ម៉ូលីវណ្ណ ត្រូវបានលាតត្រដាង
ចន្លោះមិនឃើញ
លោកបណ្ឌិត មីសែល ត្រាណេ អ្នកបុរាណវិទ្យា និងលោក ស៊ើង គង់ អតីតអគ្គនាយករងអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា កាលលោក វណ្ណ ម៉ូលីវណ្ណ នៅមានជីវិត បំណងប្រាថ្នាដ៏ធំរបស់លោក គឺការបង្កើតអាជ្ញាធរជាតិអប្សរា ដើម្បីការពារសម្បត្តិវប្បធម៌ និងបេតិកភណ្ឌជាតិនៅតំបន់ប្រាសាទអង្គរ។
អាជ្ញាធរជាតិអប្សរា ដែលកកើតដំបូងនៅឆ្នាំ ១៩៩១ និងទទួលបានព្រះរាជក្រឹត្យទទួលស្គាល់ជាផ្លូវការ ដោយព្រះមហាក្សត្រនៅឆ្នាំ ១៩៩៥ នោះ គឺដើម្បីការពារនិងអភិរក្សប្រាសាទបុរាណរាប់ពាន់ នៅតំបន់អង្គរដែលរងគ្រោះនៅសម័យសង្គ្រាម និងការអភិវឌ្ឍកេរមរតកដ៏មានតម្លៃរបស់បុព្វបុរសខ្មែរ នៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
លោកតា ស៊ើង គង់ និង លោកបណ្ឌិត មីសែល ត្រាណេ លើកឡើងស្រដៀងគ្នាថា លោក វណ្ណ ម៉ូលីវណ្ណ រន្ធត់ចិត្ត និងស្រណោះជាខ្លាំង ពេលឃើញប្រាសាទបុរាណខ្មែរជាច្រើនត្រូវបានបំផ្លិចបំផ្លាញ ក្នុងសម័យសង្រ្គាម និងរងគ្រោះដោយសារបាតុភូតធម្មជាតិនានា។ ដូច្នេះហើយ ទើបលោកសម្រេចចិត្តបង្កើតអាជ្ញាធរជាតិអប្សរានេះឡើង ដើម្បីថែរក្សាការពារតំបន់អង្គរ ឱ្យបានគង់វង្សយូរអង្វែង ឱ្យកូនខ្មែរជំនាន់ក្រោយ និងពិភពលោកបានស្គាល់។
បំណងដ៏ធំមួយទៀត គឺលោកចង់ឲ្យពិភពលោកបានស្គាល់ពីភាពរីកចម្រើននៃវិស័យស្ថាបត្យកម្មរបស់ប្រទេសកម្ពុជា ដូចជាការសាងសង់ពហុកីឡដ្ឋានជាតិ និងការរីកចម្រើននៃការសាងសង់សំណង់អាគារចាស់ៗផ្សេងៗ ហើយលោកចង់ឲ្យយុវជនជំនាន់ក្រោយត្រូវថែរក្សាការពារកុំឲ្យបាត់បង់៕