លោក​ ហ៊ុន ម៉ាណែត ផ្ញើសារមួយឃ្លាដ៏មានអត្ថន័យ ទៅកាន់ប្អូនៗទើបប្រឡងបាក់ឌុបជាប់ថ្មីៗ ឱ្យទទួលបានជោគជ័យក្នុងជីវិត

  • 2022-01-27 19:56:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងឱកាសអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២២ នេះ លោក ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងក្បោះក្បាយ ទៅកាន់ប្អូនៗ យុវជន សិស្សានុសិស្សទាំងអស់ ពិសេសប្អូនៗទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានជោគជ័យ ។ ក្នុងនោះលោក​ ហ៊ុន ម៉ាណែត បានលើកឡើងពីតួអង្គ ៣ សំខាន់ៗនាំឱ្យយុវជន សិស្សានុសិស្ស ទទួលបានជោគជ័យក្នុងជីវិត ដោយចំណុចទី១ គឺសំដៅទៅលើយុវជនផ្ទាល់ដែលអាចកំណត់បាននូវជោគវាសនា និងភាពជោគជ័យរបស់ខ្លួនបាន។ លោកបានថ្លែងថា៖ «អ្វីដែលសំខាន់ចាំបាច់សម្រាប់ក្មួយៗ គឺការកសាងផ្នត់គំនិតនៃការតស៊ូម្ចាស់ការលើខ្លួនឯង ទាំងនៅក្នុងការសិក្សា និងការបំពេញការងារ ដើម្បីកសាងពង្រឹងសមត្ថភាព និងបង្កើតឱកាសឈានទៅជោគជ័យក្នុងជីវិត»។

ថ្លែងនៅត្រង់កត្តាទី១ នេះដដែល លោក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា សម័យកាលមុន កម្ពុជាជួបការលំបាកច្រើនណាស់ ទាំងការខ្វះខាតសាលា ហើយប្រទេសក៏មានសង្គ្រាម ប៉ុន្តែបច្ចុប្បន្ននេះ ប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ ជាការបង្កលក្ខណៈឱ្យយុវជនមានឱកាសច្រើនគ្រប់បែបយ៉ាង និងនៅគ្រប់កន្លែងទាំងអស់ ទាំងជម្រើសក្នុងការសិក្សា និងជម្រើសការងារ។

ចំណែកឯតួអង្គទី២ ជំរុញឱ្យយុវជនទទួលបានភាពជោគជ័យ គឺតួអង្គឪពុកម្តាយ អាណាព្យាបាល ដែលចិញ្ចឹមបីបាច់ថែរក្សាដោយទំនុកបម្រុងគ្រប់បែបយ៉ាង។ ជោគជ័យលើការសិក្សា និងការងាររបស់យុវជន គឺជាការតបស្នងសងគុណមួយដ៏ស័ក្តិសមបំផុតសម្រាប់ឪពុកម្ដាយ។

​មកដល់តួអង្គទី ៣ ដែលលោក ហ៊ុន ម៉ាណែត បានលើកឡើងគឺ តួអង្គលោកគ្រូ អ្នកគ្រូ។ ពេលមកដល់សាលា គឺមានលោកគ្រូ អ្នកគ្រូ ជាឪពុកម្តាយទី២។ សិស្សៗម្នាក់មានសំបកតួខ្លួនខាងក្រៅ ឯកលោកគ្រូ អ្នកគ្រូ ជាអ្នកបំពេញឱ្យយើងនៅខាងក្នុង ទាំងចំណេះដឹង គុណធម៌ សីលធម៌ និងសមត្ថភាព ដើម្បីក្លាយជាធនធនសំខាន់សម្រាប់គ្រួសារ និងសង្គមជាតិ។ ក្នុងពេលបច្ចុប្បន្ន ប្រទេសកម្ពុជាអាចម្ចាស់ការខ្លួនឯងលើគ្រប់វិស័យ ដូចដែលឆ្លុះបញ្ចាំងតាមរយៈកំណើនសេដ្ឋកិច្ចខ្ពស់ ជាពិសេសមុនការរាតត្បាតនៃជំងឺកូវីដ-១៩។ ទាំងនេះ គឺកើតឡើងដោយសារសមិទ្ធផលធនធានមនុស្ស ដែលផលិតដោយលោកគ្រូ អ្នកគ្រូ ហើយធនធានមនុស្សទំាងនេះ ទទួលបានការបណ្តុះបណ្តាលនៅក្នុងស្រុកខ្មែរ ហើយមួយចំនួនក៏បានទៅបន្តនៅបរទេស និងបានចូលបម្រើការងារនៅតាមគ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងក្នុងវិស័យឯកជន និងអង្គការជាតិ-អន្តរជាតិ៕

អត្ថបទពេញនិយម
;