អតីត​​មេគុក​ទួលស្លែង កាំង​ ហ្កេកអ៊ាវ​ ហៅ​ ឌុច​ ទទួលមរណភាព!

  • 2020-09-01 17:13:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក កាំង​ ហ្កេកអ៊ាវ​ ហៅ​ ឌុច​ អតីត​ប្រធាន​មន្ទីរ​ស-២១ ឬ​ គុក​ទួលស្លែង​ក្នុង​របប​ខ្មែរ​ក្រហម បានទទួលមរណភាព ក្នុងអាយុ ៧៨ឆ្នាំ កាលពីវេលាម៉ោង០០:៥១​នាទី​រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី០២​ ខែកញ្ញា​ ឆ្នាំ២០២០​នេះ​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ នេះបើយោងតាមលោក នេត្រ ភក្រ្ដា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្រ្ដីនាំពាក្យសាលាក្ដីខ្មែរក្រហម។

រូបភាពពីលោក នេត្រ ភក្រ្ដា
គួរបញ្ជាក់ថា ឌុចត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែង ដោយសម្រេចផ្តន្ទាទោសដាក់ពន្ថនាគាររយៈពេល ៣៥ ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ ឆ្នាំ និងសំណងលើការសហការចំនួន ៦ ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ ឆ្នាំ។ ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់។ អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តីនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុចដាក់ពន្ធនាគារអស់មួយជីវិត។

នៅថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៣ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីអនុវត្តទោសជាប់ពន្ធនាគារដែលនៅសល់របស់គាត់។

ប្រវត្តិខ្លីៗរបស់ឌុច

ឌុច មានឈ្មោះដើមថា កាំង ហ្កេចអ៊ាវ កើតថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤២ ក្នុងគ្រួសារ​កសិករ​ក្រីក្រ នៅភូមិពៅវើយ ឃុំ​ពាម​បាង ​ស្រុកស្ទោង ខេត្ត​កំពង់ធំ។ លោកបានផ្លាស់ពីកំពង់ធំ មក​បន្ត​ការសិក្សា​ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលជា​វិទ្យាល័យដ៏ល្បី​ក្នុងក្រុងភ្នំពេញ ដោយស្នាក់នៅ​ក្នុងវត្តឧណ្ណាឡោម។ ក្រោយចប់បាក់ឌុប នៅឆ្នាំ១៩៦៤ លោកបានចូលរៀន​នៅវិទ្យាស្ថានគរុកោសល្យ (ជិតវិមានឯករាជ្យ) និងបានចេញធ្វើគ្រូបង្រៀនគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា និងបានចូលជាសមាជិកបក្ស​កុម្មុយនិស្ត​កម្ពុជា នៅឆ្នាំ១៩៦៧។ លោកបាន​ចូល​រួម​តស៊ូ​ជាមួយ​ខ្មែរ​ក្រហម នៅ​ក្នុង​ព្រៃ នៅឆ្នាំ១៩៧០។ លោកត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​មន្ទីរ​សន្តិសុខ ស២១ ហៅ គុក​ទួល​ស្លែង ក្រោយពេលដែលខ្មែរក្រហម​បាន​ឡើង​កាន់​អំណាច នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។

ឌុច ​បាន​ចូល​សារភាព ប្រគល់​​ខ្លួន​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​ កាលពីឆ្នាំ១៩៩៩៩ និងត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​មន្ទីរ​ឃុំ​ខ្លួន​នៃ​តុលាការ​យោធា ក្នុង​ក្រុង​ភ្នំពេញ។ នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៧ ឌុច លោកត្រូវ​បាន​ផ្ទេរ​ពី​មន្ទីរ​ឃុំឃាំង​នៃ​តុលាការ​យោធា ទៅ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ ទទួល​បន្ទុក​ជំនុំ​ជម្រះ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​វិញ។

អត្ថបទពេញនិយម
;