ពាណិជ្ជកម្មសេរី​កម្ពុជា-ចិន ​៖ បើទំនិញ​នោះ​មានប្រភព​ពីប្រទេសផ្សេង ពេលនាំ​ទៅចិន រួចពន្ធអត់?

  • 2020-07-27 20:31:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជម្ម បាន​ថ្លែងក្នុង​សន្និសីទ​កាសែត​នៅទីស្តីការគណៈរដ្ឋមន្រ្តី​នាព្រឹកថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ថា តាមវិធាន​នៃ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បើ​ទំនិញ​នោះ​ពុំមានប្រភពផលិតនៅកម្ពុជាទេ ពេលនាំចេញទៅចិន គឺមិនរួចពន្ធឡើយ។

រូបថតពីវីដេអូ live របស់ទំព័រហ្វេសប៊ុកអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
លោក​បញ្ជាក់​ដូច្នេះថា៖ «**បើនិយាយពីទំនិញ លុះត្រាតែទំនិញនោះ ជារបស់កម្ពុជា ដាំដុះ ប្រមូលផល ច្រូតកាត់ ... តែបើទំនិញហ្នឹងកែច្នៃ ទាល់តែវាគ្រប់វិធានរបស់វា។ វិធានហ្នឹងគេមានចែង ហៅថាវិធានកំណើត​នៃទំនិញ បានន័យថា ទាល់តែយើងគោរពតាមលក្ខខណ្ឌ១ ២ ៣ ៤... បាន​អាហ្នឹងគេថាទំនិញកម្ពុជា។ បើមិនចឹងទេ យើងទៅលួចយកទំនិញប្រទេសផ្សេងមកដាក់ទៅ គេអត់ឱ្យ​យើង​រួចពន្ធទេ។ អ៊ីចឹងវិធានទាំងអស់ហ្នឹង បានជជែកច្បាស់លាស់​ ហើយតាមវិធានហ្នឹង កម្ពុជាអាចទទួលយកបានទាំងអស់ ពីព្រោះយើងបានអនុវត្តក្នុងអាស៊ាន​រួចមកហើយ**»។

លោក​រដ្ឋលេខាធិការ ក៏បាន​ឱ្យដឹងបន្ថែម​ដែរថា កម្ពុជា​​ផ្តល់​ការរួចពន្ធឱ្យទំនិញចិន ប្រមាណ ៩០% ហើយចិន​ផ្តល់ការរួចពន្ធឱ្យ​ទំនិញ​កម្ពុជា ប្រមាណ ៩៨% ព្រោះ​កម្ពុជា​ជាប្រទេសអភិវឌ្ឍតិចតួច ដែល​ត្រូវការចំណូល​ពី​ពន្ធគយ​នៅឡើយ។ ក្រៅពីនោះ ទំនិញ​ដែលនៅជាប់ពន្ធនឹងត្រូវកាត់បន្ថយថ្លៃពន្ធបន្តិចម្តងៗ រហូតទាល់តែរួចពន្ធអស់។

សូមជម្រាប​ថា រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា-ចិន បាន​ប្រកាស​ជាផ្លូវការ​នៃការបញ្ចប់​ការចរចា​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជា-ចិន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០២០។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ តាមរយៈការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ និងសេវា ការជំរុញការវិនិយោគទូលំទូលាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀតផងដែរ។

ជាជំហានបន្ទាប់ ភាគីទាំងពីរនឹងអនុវត្តនីតិវិធីផ្ទៃក្នុងរៀងៗខ្លួន ដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅក្នុងឆ្នាំ២០២០នេះ៕

អត្ថបទពេញនិយម
;