ទស្សនិកជនអរឲ្យហើយទៅ តាមដំណឹង រោងភាពយន្តទំនងអាចបើកឡើងវិញឆាប់ៗនេះ
- 2020-07-24 04:01:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនិកជនអរឲ្យហើយទៅ តាមដំណឹង រោងភាពយន្តទំនងអាចបើកឡើងវិញឆាប់ៗនេះ
ចន្លោះមិនឃើញ
តាមព័ត៌មានដែលទទួលបាននៅរសៀលនេះបានឲ្យដឹងថា រាជរដ្ឋាភិបាលបានទម្លាក់ភ្លើងខៀវអោយរោងភាពយន្តក្នុងស្រុកទាំងអស់អាចដំណើរការឡើងវិញ ដោយគ្រាន់តែអនុវត្តតាមកម្រិតស្តង់ដារសុវត្ថិភាពដែលកម្រិតដោយក្រសួងពាក់ព័ន្ធទាំងពីរគឺក្រសួងវប្បធម៌ និងក្រសួងសុខាភិបាល។
តាមលិខិតស្ដីពី គោលការណ៍ស្តង់ដាប្រតិបត្តិ (SOP) សម្រាប់រោងភាពយន្ត និងរោងសម្ដែងសិល្បៈ របស់ក្រសួងវប្បធម៌ ដែល Sabay ទទួលបាន បានឲ្យដឹងថា រាជរដ្ឋាភិបាល បានគិតគូរជាយូរមកហើយពីលទ្ធភាពឲ្យដំណើរការរោងភាពយន្តក្នុងស្រុក និងរោងសម្ដែងសិល្បៈឡើងវិញនេះ ហើយចុងក្រោយនៅពេលនេះ ក៏បានសម្រេចឲ្យភ្លើងខៀវ ដើម្បីជួយសម្រាលបន្ទុកសេដ្ឋកិច្ចរបស់ សិល្បករ ផលិតករ រោងភាពយន្ត ដែលបណ្ដាលមកការបិទរោងភាពយន្តមួយរយៈពេលកន្លងមក។
ប៉ុន្តែក្នុងកាលៈទេសៈដែល ខូវីដ ១៩ នៅតែចំណុចគំរាមកំហែងពិភពលោកនេះ ដើម្បីរួមគ្នាការពារ និងទប់ស្កាត់ហានិភ័យនូវលទ្ធភាពនៃការចម្លងរហ័សនៃវីរុសដ៏កាចសាហាវនេះ រាជរដ្ឋាភិបាលតម្រូវឲ្យរោងភាពយន្ត និងរោងសម្ដែងសិល្បៈដែលមានបំណងធ្វើសកម្មភាពឡើងវិញ ត្រូវចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងវប្បធម៌ និងវិចិត្រសំដៅពង្រីកការអនុវត្តន៍នូវស្តង់ដាប្រតិបត្តិឲ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពខ្ពស់លើចំណុចសំខាន់មួយចំនួនជាមុន។
ជុំវិញបញ្ហានេះ នៅព្រឹកមិញនេះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានដឹកនាំផ្ទៃក្នុងក្រុមការងារនាយកដ្ឋានប្រជុំដើម្បីបង្កើតគណៈកម្មការសម្របសម្រួលការងារនេះ ជាមួយរោងភាពយន្តក្នុងស្រុកទាំងអស់។
“ជាគោលការណ៍ គឺរាជរដ្ឋាភិបាលបានព្រមព្រៀងឲ្យដំណើរការរោងភាពយន្តឡើងវិញ ហើយយើងបានជម្រាបពីដំណឹងនេះទៅរោងភាពយន្តទាំងអស់ ហើយយើងនឹងបង្កើតក្រុមការងារចុះទៅត្រួតពិនិត្យរោងភាពយន្តទាំងឡាយណាដែលបានដាក់ពាក្យស្នើសុំបើកឡើងវិញ...គឺយើងទៅត្រួតពិនិត្យថាតើគាត់បានអនុវត្តបានត្រូវតាមស្តង់ដារសុវត្ថិភាពហើយឬនៅ បើបានហើយ យើងនឹងធ្វើរបាយការណ៍ជម្រាបជូនរាជរដ្ឋាភិបាលសុំគោលការណ៍បើកឡើងវិញ!”។
លោក ប៉ុក បូរក្ស បញ្ជាក់ថា តាមស្មារតីរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ និងការពារការរីករាលដាលមេរោគ ខូវីដ ១៩ តម្រូវឲ្យរោងភាពយន្តទាំងអស់ អនុវត្តតាមគោលការណ៍សុវត្ថិភាពចំនួន៨ចំណុច ក្នុងនោះមានដូចជា តម្រូវឲ្យការពាក់ម៉ាស់ វាស់កម្ដៅរាល់ពេលបុគ្គលិក និងទស្សនិកជនចេញចូលរោងកុន។
ក្រៅពីនេះ នៅក្នុងវិធានការណ៍ ៨ចំណុចនេះដដែល គឺលើកទឹកចិត្តទស្សនិកជនទិញសំបុត្រតាមអនឡាញ ឬ App ដើម្បីកាត់បន្ថយការប្រជ្រៀតគ្នា ធ្វើការអនាម័យនៅក្នុងរោងកុន និងបរិវេណជាប្រចាំ និងមានសញ្ញាសម្គាល់ពីទីតាំងត្រូវអង្គុយ ឬឈរដើម្បីសុវត្ថិភាពជាដើម។ សម្រាប់ការរកឃើញអ្នកម្នាក់សង្ស័យ ត្រូវនាំទៅដាក់ក្នុងបន្ទប់ដោយឡែក ហើយរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធ។
កញ្ញា តាំង ហ៊ីហាវ ប្រធានគ្រប់គ្រងកម្មវិធីប្រចាំរោងភាពយន្ត Major Cineplex by Smart បានថ្លែងថា កញ្ញាបានទទួលការជូនដំណឹងពីនាយកដ្ឋានភាពយន្តនូវព្រឹកមិញ ហើយកញ្ញា ពិតជារីករាយជាមួយនឹងដំណឹងនេះ។
ចំពោះគោលការណ៍សុវត្ថិភាពទាំង ៨ចំណុច ជាចំណុចតម្រូវរបស់រាជរដ្ឋាភិបាល ដើម្បីទាំងអស់គ្នាមានសុវត្ថិភាពពីជំងឺ ខូវីដ ១៩នេះ កញ្ញាក៏បានបញ្ជាក់ថា Major ក៏រៀបចំរួចហើយដែរ ព្រោះទាំងនោះ ក៏ជាអ្វីដែលរោងភាពយន្តបានលើកយកមកពិភាក្សាជាមួយនាយកដ្ឋានភាពយន្តជារឿយៗ ទើបអ្វីៗរៀបចំបានលឿន។
“ចាស ចំពោះគោលការណ៍សុវត្ថិភាព គឺយើងបានរៀបចំរួចរាល់អស់ហើយ ហើយយើងនៅចាំតែខាងក្រសួងពិនិត្យ ព្រោះលឺថា ខាងក្រសួង មានក្រុមចុះមកពិនិត្យជាមុនសិន ថាយើងធ្វើបានត្រឹមត្រូវឬអត់ រួចហើយ ទើបធ្វើរបាយការណ៍ដាក់ជូនរាជរដ្ឋាភិបាលសម្រេច"។
កញ្ញា តាំង ហ៊ីហាវ បញ្ជាក់ថា ការបើកដំណើរឡើងវិញរោងភាពយន្ត គឺជាបំណងរបស់រោងភាពយន្តកញ្ញា ក៏ដូចជារោងភាពយន្តដទៃទៀត។ ដូច្នេះហើយជាមួយនឹងភ្លើងខៀវរបស់រាជរដ្ឋាភិបាលនាពេលនេះ កញ្ញារំពឹងថា អ្វីៗនឹងអាចកើតឡើងឆាប់ៗ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបិទ និងផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពនៃការចាក់បញ្ចាំងរបស់រោងភាពយន្តរាជធានី ខេត្ត ចាប់ពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២០ ដោយយោងលិខិតលេខ: ៤១ សខល របស់ក្រសួងសុខាភិបាល។ ការផ្អាកកន្លែងបញ្ចេញផលិតផលភាពយន្ត និងប្រមូលទុនត្រឡប់មកវិញ បានធ្វើរាំងស្ទះដល់ជីវភាពអ្នកពាក់ព័ន្ធទាំងអស់ មានទាំងសិល្បករ ផលិតករ អ្នកនិពន្ធ ផលិតកម្ម និងសូម្បីតែរោងភាពយន្តខ្លួនឯង។
ចំពោះដំណឹងរាជរដ្ឋាភិបាលឲ្យភ្លើងខៀវយល់ព្រមឲ្យរោងភាពយន្ត បើកឡើងវិញនេះ លោក ហ៊ុយ យ៉ាឡេង ជាផលិតករ អ្នកនិពន្ធ ដឹកនាំរឿង និងជាតួសម្ដែងមួយរូបនេះ បានបញ្ជាក់ថា លោករីករាយខ្លាំង ព្រោះថា ផលិតករ សិល្បករ ស្ទើរទាំងអស់ មិនមានរបរផ្សេងក្រៅពីនេះឡើយ ដូច្នេះហើយរយៈកាលកន្លងមក ពួកលោកជួបបញ្ហាជាច្រើន។ លោកសង្ឃឹមថា ការដាក់ដំណើរការរោងភាពយន្តឡើងវិញ នឹងអាចធ្វើទៅរួចកាន់តែលឿន កាន់តែល្អ៕