រដ្ឋសភាបញ្ជូនច្បាប់ "ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន" ទៅក្រុមប្រឹក្សាធម្មនុញ្ញ
- 2020-04-20 23:36:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋសភាបញ្ជូនច្បាប់ "ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន" ទៅក្រុមប្រឹក្សាធម្មនុញ្ញ
ចន្លោះមិនឃើញ
រដ្ឋសភាជាតិបានញ្ជូនច្បាប់ "ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន" ទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យធម្មនុញ្ញភាព កាលពីថ្ងៃទី ២០ខែមេសា ឆ្នាំ២០២០។
ក្រុមប្រឹក្សាធម្មនុញ្ញមានពេល ៣០ថ្ងៃ ក្នុងការពិនិត្យធម្មនុញ្ញភាព ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់កំណត់ការប្រជុំសម្រេចនៅឡើយទេ។
ច្បាប់ "ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន" ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ហើយព្រឹទ្ធសភាអនុម័តកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។
អគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ លោក តាំង រតនា បានថ្លែងប្រាប់ [ខ្លីៗ] នៅថ្ងៃទី២១ ខែមេសាថា រដ្ឋសភាបានបញ្ជូន ច្បាប់"ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន" មកក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី២០ ខែមែសា ឆ្នាំ២០២០ ។ ហើយក្រុមប្រឹក្សាធម្មនុញ្ញកំពុងចាត់ការតាមនីតិវិធី និងកំពុងដំណើរការនីតិវិធីរដ្ឋបាល។ ចំពោះការកំណត់ថ្ងៃប្រជុំថ្ងៃណា ក្រុមប្រឹក្សាធម្មនុញ្ញនឹងជូនព័ត៍មានតាមក្រោយ។
ចំណែកលោកឡេង ប៉េងឡុង អគ្គលេខាធិការ រដ្ឋសភា បានថ្លែងថា ច្បាប់ "ស្ដីពីការគ្រប់គ្រងប្រទសជាតិក្នុងភាពអាសន្ន"ដែលស្ថាប័នតិប្បញ្ញត្តិរដ្ឋ សភានិងព្រឹទ្ធសភាបានពិភាក្សានិងអនុម័តរួចហើយនោះ បានបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញដើម្បីពិនិត្យធម្មនុញ្ញភាពលើព្រាងច្បាប់នេះរួចហើយ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យលើធម្មនុញ្ញភាពនៃច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្នរួចហើយ ដោយឃើញថា ច្បាប់នេះស្របទៅតាមរដ្ឋធម្មនុញ្ញ គឺក្រុមប្រឹក្សាធម្មនុញ្ញបញ្ជូនមកឲ្យរដ្ឋសភាវិញ ដើម្បីរៀបចំបញ្ជូនទៅប្រមុខរាជរដ្ឋាភិបាលដើម្បីរៀបចំបន្តដាក់ថ្វាយព្រះមហាក្សត្រ ឬប្រមុខរដ្ឋស្តីទីសម្រាប់ការឡាយព្រហស្តលេខាឬចុះហតលេខា ពីព្រោះរាជរដ្ឋាភិបាលបានស្នើច្បាប់នេះឡើងដោយចាត់ ទុកជាការបញាប់។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ទៀតថា នៅក្នុងច្បាប់ស្ដីពីការដាក់ប្រទេសជាតិនៅក្នុងភាពអាសន្នមិនទាន់អនុវត្តបានទេរង់ចាំមានព្រះរាជក្រឹត្យពីព្រះមហាក្សត្រមួយដោយឡែកផ្សេងទៀតក្នុងការប្រកាសដាក់ប្រទេសជាតិក្នុងភាពអាសន្នតាមមតិយល់ព្រមពីនាយករដ្ឋមន្ត្រី-ប្រធានរដ្ឋសភា និងព្រឹទ្ធសភា៕
ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ
-Android: play.google.com
-iOS: apps.apple.com/us/app