ខេត្តប៉ៃលិនដូរនិមិត្តសញ្ញាតំណាងខេត្តថ្មី

  • 2020-03-02 20:29:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងមហាផ្ទៃ បានចេញប្រកាសស្តីពីការបង្កើត និងដាក់ឲ្យប្រើប្រាស់និមិត្តសញ្ញាខេត្តប៉ៃលិនថ្មី នេះបើយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស​ ខេង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២០។

និមិត្តសញ្ញាខេត្តប៉ៃលិន ចាស់ និងថ្មី រូប៖វេបសាយរដ្ឋបាលខេត្តប៉ៃលិន
ក្នុងសេចក្តីប្រកាសនោះបានបញ្ជាក់ថា និមិត្តសញ្ញាថ្មីខេត្តប៉ៃលិនមានរាង និងរូបភាពដែលត្រូវបានកំណត់ដូចខាងក្រោម៖

១. មានរាងមូល

២. វ័ណ្ឌមូលពីរហ៊ុំព័ទ្ធ៖ តំណាងឱ្យភាពត្រជាក់ត្រជុំ សម្បូររុងរឿង និងព្រំដែននៃដែនដីរដ្ឋបាលខេត្តប៉ៃលិន ក្រោមម្លប់សន្តិភាពពេញបរិបូណ៌ និងយូរអង្វែង

៣. រូបភេទ្រត្បូង៖ តំណាងឱ្យប្រវត្តិនៃការកកើតនូវឈ្មោះប៉ៃលិន ដែលក្លាយមកពីពាក្យ ភេលេន ជាភាសានិយាយនៃជនជាតិដើមកូឡា ដែលបានរស់នៅក្នុងតំបន់នេះតាំងពីយូរលង់មកហើយ

៤. រូប រួមមានភ្នំខៀវ ភ្នំយ៉ាត និងត្បូង៖ តំណាងឱ្យធនធានធម្មជាតិដ៏សម្បូរបែបរួមមាន ព្រៃឈើ សត្វចតុប្បាទ បក្សាបក្សីគ្រប់ប្រភេទ និងធនធានរ៉ែត្បូង ដែលជាធនធានដ៏សំខាន់គ្រប់វិស័យរបស់ខេត្ត

៥. រូបចេតិយបុរាណ រូបសំណាកលោកយ៉ាត អមដោយសត្វក្ងោកមួយគូ៖ តំណាងឱ្យការរស់នៅដោយក្តីសប្បាយរីករាយ ការគោរពប្រពៃណី វប្បធម៌រូបិយ និងអរូបិយ អរិយធម៌ដ៏ចំណាស់របស់ខេត្ត និងជំនឿសាសនា

៦. ទម្រស្ពឺកងចក្រ និងគួរស្រូវចងដោយក្បាច់ផ្ការំដួល៖ តំណាងឱ្យមូលដ្ឋានអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនរបស់ខេត្តក្នុងវិស័យកសិកម្ម ឧស្សាហកម្ម សិប្បកម្ម និងសហគ្រាស ក្រោមគោលនយោបាយកែទម្រង់ស៊ីជម្រៅ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល

៧. ផ្ទៃមេឃពណ៌ខៀវខ្ចី៖ តំណាងឲ្យភាពអំណោយផលនៃអាកាសធាតុបរិសុទ្ធនៃធម្មជាតិ បរិស្ថានល្អ សម្រាប់ជីវិតមនុស្ស សត្វ និងភាពសុខដុមរបស់ប្រជាពលរដ្ឋទូទៅនៅលើទឹកដីនៃខេត្តប៉ៃលិន។

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទពេញនិយម
;