កាណាដា ចង់ធ្វើ​បត្យាប័ន​មេ​ Huawei តាម​សំណើ​អាមេរិក ក្រោយ​ឆ្អែតឆ្អន់​ជាមួយ​ចិន

  • 2019-01-21 23:42:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​សារព័ត៌មាន Globe and Mail ដែល​មាន​ប្រភព​នៅ​ប្រទេស​កាណាដា បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៩​នេះ​ថា ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​សហរដ្ឋ​អាមេរិក លោក David MacNaughton បាន​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​សេតវិមាន និង​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក ដើម្បី​ពិភាក្សា​លើ​ការ​ធ្វើបត្យាប័ន​លោកស្រី Meng Wanzhou ប្រធាន​ផ្នែក​ហិរញ្ញ​វត្ថុ​ក្រុមហ៊ុន​ចិន​ Huawei​។

លោក David MacNaughton ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​សហរដ្ឋ​អាមេរិក (រូបថត៖ Tishan Baldeo)
ប្រភព​បន្ត​ថា លោក MacNaughton បាន​បង្ហាញ​កំហឹង និង​ការ​អាក់អន់​ចិត្ត ទៅ​កាន់​ក្រុង​វ៉ាស៊ីនតោន ដោយសារ​ជម្លោះ​ជាមួយ​ចិន ក្រោយ​ការ​ឃាត់ខ្លួន​លោកស្រី Meng កាលពី​ខែ​ធ្នូ​កន្លង​ទៅ។ ក្រុង​ប៉េកាំង បាន​ចាប់​ខ្លួន​ជនជាតិ​កាណាដា ចំនួន ២រូប​ជា​បន្តបន្ទាប់​ និង​បាន​ដាក់​ទោស​ប្រហារជីវិត​ជនជាតិ​កាណាដា​ម្នាក់​ទៀត​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រត់​ពន្ធ​គ្រឿង​ញៀន​។

Globe and Mail បាន​ដកស្រង់​សម្ដី​លោក​ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​សហរដ្ឋ​អាមេរិក​ថា៖ «ពួក​យើង មិន​ត្រេកអរ​ទេ​ចំពោះ​រឿង​ជនជាតិ​កាណាដា ត្រូវ​បាន​គេ​ដាក់​ទណ្ឌកម្ម​នោះ​... (អាមេរិក) ជា​អ្នក​ចង់​ប្រើប្រាស់​ច្បាប់​របស់​ខ្លួន (ប្រឆាំង​នឹង​លោក​ស្រី Meng) តែ​ពួក​យើង​ទៅ​វិញ​ទេ ដែល​ជា​អ្នក​ទទួល​រង​លទ្ធផល​។ គឺ​ពលរដ្ឋ​យើង​ជា​អ្នក​ទទួល»។

លោក MacNaughton មិន​បាន​បង្ហើប​ពី​កាលបរិច្ឆេទ​នៃ​សំណើ​ធ្វើ​បត្យាប័ន​លោកស្រី Meng របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ ដោយ​កាល​កំណត់​គឺ​ថ្ងៃ​ទី៣០ ខែ​មករា ខាងមុខ​នេះ។

លោកស្រី Meng Wanzhou ប្រធាន​ផ្នែក​ហិរញ្ញ​វត្ថុ​ក្រុមហ៊ុន​ចិន​ Huawei​ (រូបថត៖ Reuters)

សូម​ជម្រាប​ថា លោកស្រី Meng ដែល​ត្រូវ​ជា​កូនស្រី​បង្កើត​របស់​ស្ថានិក​ក្រុមហ៊ុន Huawei គឺ​លោក Ren Zhengfei កំពុង​ស្ថិតនៅ​ក្រៅ​ឃុំ នៅ​លំនៅឋាន​របស់​លោកស្រី​នៅ​ក្រុង Vancouver ដែល​មាន​ការ​យាមកាម​យ៉ាង​តឹងរ៉ឹង។ លោកស្រី ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​រំលោភ​ទណ្ឌកម្ម​ដែល​អាមេរិក ដាក់​លើ​អ៊ីរ៉ង់​៕

អត្ថបទទាក់ទង

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ លាភ.

អត្ថបទពេញនិយម
;