កម្ពុជា នាំចេញ​​ទំនិញ​ទៅ​ជប៉ុន បាន​ជាង ៧០០​លាន​ដុល្លារ ក្នុង​រយៈពេល ៦​ខែ

  • 2018-08-01 21:25:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា ​បាន​នាំ​ចេញ​ទំ​និញ​ទៅ​ជប៉ុន​មាន​តម្លៃ​គិត​ជាទឹក​ប្រាក់​ចំ​នួន ៧០៥ លាន​ដុល្លារ​ នៅ​ឆមាស​ទី​មួយ​ឆ្នាំ ២០១៨ ​នេះ គឺ​​កើន​ឡើង​ ១៩ ភាគ​រយ​​បើ​ធៀប​នឹង​​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​ទិន្ន​ន័យ​​​ពី​អង្គ​ការ​ពាណិជ្ជ​កម្ម​ក្រៅ​ប្រ​ទេស​ជប៉ុន​ (JETRO)។

កំ​ណើន​​នៃការ​នាំចេញ​នៅ​ឆមាស​ទី​មួយ​នេះ ​​គឺ​ជា​អត្រា​កំ​ណើន​ខ្ពស់​ ខណៈ​ដែល​​ការ​នាំ​ចេញ​ទៅ​ជប៉ុន​ កាល​ពី​ឆ្នាំ​មុន​មាន​​អត្រា​កំ​ណើន​ត្រឹម​ ៤,៦ ភាគរយ​ប៉ុណ្ណោះ​​។ នៅ​អំ​ឡុង​ពេល​ពី​ខែ​មករា ដល់​ មិ​ថុ​នា​ឆ្នាំ​នេះ​ កម្ពុជា​ក៏​បាន​នាំ​ចូល​ទំ​និញ​ពី​ជប៉ុន​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់ ១៩១ លាន​ដុល្លារ​ផង​ដែរ គឺ​កើន​ឡើង​ ៩ ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូ​ចគ្នា​ឆ្នាំ ២០១៧។

លោក វ៉ា​គិ​សា​កៈ អ្នក​ប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​វិនិយោគ​ នៃ​ JETRO Cambodia បាន​លើក​ឡើង​ថា​ភាគច្រើន​នៃមុខ​ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅ​ជប៉ុន​រួមមាន ផលិតផល​កាត់ដេរ ស្បែកជើង កាបូប និង​គ្រឿង​បង្គុំ​អេឡិច​ត្រូនិក និង​អគ្គីសនី​ជាដើម។ លោក​បន្ថែម​ថា កម្ពុជា​វិញ​ បាន​នាំចូល​ពី​ជប៉ុន នូវ​មុខ​ទំ​និញ​​​​ដូច​ជា​​គ្រឿង​ម៉ាស៊ីន រថយន្ត និង​ផលិតផល​ត្រី​សាច់​ជា​ដើម។​

កម្មករម្នាក់ កំពុងវេចខ្ចប់ក្រណាត់ ក្នុងរោងចក្រ១កន្លែង នៅរាជធានីភ្នំពេញ

លោក​ វ៉ាគិសាកៈ ថ្លែង​ថា​៖​ «និន្នា​ការ​នៃ​ការ​នាំ​ចេញ​-នាំ​ចូល​​របស់​ កម្ពុជា-ជប៉ុន​ នឹង​រក្សា​បាន​កំ​ណើន​ប្រកប​ដោយ​ស្ថិរ​ភាព​នេះ​បន្ត​ទៀត​ ព្រោះ​ថា​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​[នៅ​កម្ពុជា​ គឺ​ស្ថិត​ក្នុង​អ្វី​ដែល​យើង​រំ​ពឹង​ទុក»។

លោក​បន្ត​ថា​៖​ «យើង​គិត​ថា​លំ​ហូរ​វិនិយោគ​ជប៉ុន​មក​កម្ពុជា​ [នៅ​ឆ្នាំ​នេះ​]​នឹង​​មិន​សូវ​មាន​ការ​ប្រែ​ប្រួល​ខ្លាំង​ទេ​​ ដោយ​សារ​ថា​​​យើង​មិន​សូវ​មាន​ព័ត៌មាន​ច្រើន​ពី​គម្រោង​វិនិយោគ​របស់​ជប៉ុន​ធំៗ​នៅ​ឡើយ​ ដែល​​​យើងអាច​​ព្យាករ​ថា​លំ​ហូរ​វិនិយោគ​អាច​មាន​ខ្ទង់​សិប​លាន​ដុល្លារប៉ុ​ណ្ណោះ»។

កំ​ណើន​ការ​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា​​ចាប់ពីឆ្នាំ ២០១៣ មក​ បាន​ធ្វើ​ឲ្យ​ទំ​ហំ​ពាណិជ្ជ​កម្ម​ប្រ​ទេស​ទាំង​ពី​រ​កើន​ឡើង​យ៉ាង​ខ្លាំង​ជា​ប្រ​ចាំ​ឆ្នាំ។ យោង​តាម​​របាយ​ការណ៍​របស់ JETRO គិតចាប់​ពីឆ្នាំ ២០១៣ មក ទឹកប្រាក់​នៃការ​នាំចេញ​របស់​កម្ពុជា​ទៅ​ជប៉ុន​តែង​សម្រេច​បាន​កំណើន​ខ្ពស់​ចាប់​ពី​ ២០ ភាគ​រយ​​ជា​ប្រចាំឆ្នាំ​ ដោយ​លើកលែង​តែឆ្នាំ ២០១៧ មួ​យ​ប៉ុណ្ណោះ៕

អត្ថបទ៖ ផាក បញ្ញា

អត្ថបទពេញនិយម
;