លោក ត្រាំ រិះគន់​មេដឹកនាំ​កាណាដា ហើយ​មិន​ចុះហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​របស់ G7 ឡើយ

  • 2018-06-09 19:28:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ចោទ​ប្រកាន់​នាយករដ្ឋមន្រ្តី​កាណាដា លោក Justin Trudeau កាលពី​ថ្ងៃទី៩ ខែ​មិថុនា ឆ្នាំ​២០១៨​ថា ជា​មនុស្ស​មិន​ស្មោះត្រង់ ​និង​ទន់ខ្សោយ​ដោយ​បានធ្វើ​សេចក្តី​ថ្លែងការណ៍​​មិន​ពិត ក្នុង​សន្និសីទ​សារព័ត៌មាន ហើយ​លោក​ព្រមាន​​មិន​ចុះហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​ក្រោយកិច្ច​ប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស G7 ឡើយ។

លោក ដូណាល់ ត្រាំ ថ្លែងក្នុងរយៈពេលខ្លីទៅកាន់អ្នកសារព័ត៌មាន ក្នុងអំឡុងកិច្ចប្រជុំកំពូល G7 នៅកាណាដា នាខែមិថុនា ឆ្នាំ២០១៨នេះ (រូបថត៖ Reuters)
លោក ដូណាល់ ត្រាំ បាន​បង្ហោះ​នៅលើ​បណ្តាញ Twitter ថា កាណាដា កំពុង​ទាញយក​ប្រយោជន៍​ពី​អាមេរិក ដោយការ​កំណត់​ពន្ធ​ទៅលើ​កម្មករ កសិករ និង​ក្រុមហ៊ុន​អាមេរិក។ លោក​បាន​បញ្ជា​ឱ្យអ្នក​តំណាង​អាមេរិក មិនត្រូវ​ចុះហត្ថលេខា​យល់ព្រម លើ​សេចក្តី​ថ្លែងការណ៍​រួម​របស់ G7 ឡើយ ខណៈ​ដែល​អាមេរិក កំពុង​ស្វែងរក​ការ​កំណត់​ពន្ធ​ទៅលើ​យានយន្ត ដែលនាំ​ចូលក្នុង​ទីផ្សារ​អាមេរិក។

គួរ​បញ្ជាក់​ថា ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ លោក Justin Trudeau បាន​និយាយ​ថា កាណាដា នឹង​ជំរុញ​ការ​ចាត់វិធាការ​សងសឹក​នៅថ្ងៃ​ទី១ ខែកក្កដា​ខាងមុខ​នេះ ដើម្បី​ឆ្លើយតប​នឹង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋបាល​ដូណាល់ ត្រាំ ក្នុងការ​កំណត់​ពន្ធ​លើការ​នាំចូល​ដែកថែប និង​អាលុយ​មីញ៉ូម ពី​ប្រទេស​កាណាដា សហភាពអឺរ៉ុប និង​ម៉ិចស៊ីកូ។

ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​លោក ដូណាល់ ត្រាំ​ខាងលើ​នេះ ការិយាល័យ​នាយករដ្ឋមន្រ្តី​កាណាដា បាន​អះអាង​ថា លោក Justin Trudeau មិនបាន​និយាយ​អ្វីឡើយ ទាំងក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល G7 ជា​សាធារណៈ និងការ​សន្ទនា​ជាមួយ​លោក ដូណាល់ ត្រាំឡើយ។ កាណាដា ផ្តោតតែ​ទៅលើ​អ្វី​ដែលអាច​សម្រេច​បាន ក្នុង​កិច្ចប្រជុំ​នេះ​តែ​ប៉ុណ្ណោះ។

លោក ដូណាល់ ត្រាំ (ឆ្វេង) និងលោក Justin Trudeau (ស្តាំ) ក្នុងជំនួបគ្នាមួយនៅខេត្តកេប៊ិក កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ (រូបថត៖ Reuters)

សូម​ជម្រាប​ថា ក្រុម​ប្រទេស G7 រួមមាន៖ កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និង​សហរដ្ឋអាមេរិក។ ឆ្នាំ២០១៨​នេះ កាណាដា​បាន​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល G7 លើកទី​៤៤ ពីថ្ងៃទី​៨ ដល់ ៩ ខែ​មិថុនា នៅ​ខេត្ត​កេប៊ិក៕

ប្រភព៖ CNN ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;