មេ​បក្ស​មូលដ្ឋាន ប្រាប់​មូលហេតុ​ដែល​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​នេះ

  • 2018-05-28 01:37:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក យ៉េង វិរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានថ្លែង​បញ្ជាក់​ថា ការ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ គឺ​ជា​ឱកាស​កសាង​ដំណើរ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ការថ្លែង​បញ្ជាក់​នេះ បាន​ធ្វើឡើង​ក្នុង​វេទិកា​សាធារណៈ​ស្តីពី​ដំណើរការ​ប្រជាធិបតេយ្យ​ការ​បោះឆ្នោត និងការ​ចូលរួម​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន កាលពី​រសៀល​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ស្នាក់ការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ។

លោក​បន្ត​ថា សារៈ​សំខាន់​នៃការ​បោះឆ្នោត​ ជា​ធាតុ​សំខាន់​មួយ គឺការ​បោះឆ្នោត​ដោយ​សេរី ដោយមិន​មាន​ការ​បង្ខិត​បង្ខំ និង​ត្រូវផ្តល់​ឱកាស​ឱ្យ​គណបក្ស​នយោបាយ​ទាំងអស់​ចូលរួម​បោះឆ្នោត។

លោក យ៉េង វិរៈ ថ្លែងនាពេលកន្លងមក
ចំណែក​លោក សាម អ៊ីន អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ថ្លែង​បញ្ជាក់​ថា គណបក្ស​ បាន​សម្រេច​ចិត្ត​ចូលរួម​ការ​បោះឆ្នោត ពីព្រោះ​ដំណើរការ​បោះឆ្នោត គឺ​ទៅមុខ​ហើយ។

លោកថា «បើយើង​មិន​ចូលរួម​ក៏គេ​មិន​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ រស់​ឡើងវិញ​ដែរ។ បើមិន​ចូលរួម​បោះឆ្នោត គឺ​ទុកឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់គ្រង​អាសនៈ​នៅក្នុង​រដ្ឋសភា។ យើងមិន​ចង់ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សំឡេង​លើស​ពី ២/៣ និង​មិនចង់​ឱ្យ​មានការ​កែប្រែ​រដ្ឋធម្មនុញ្ញស្​រេចតែចិត្តនោះទេ»។

លោក សាម អ៊ីន ថ្លែងក្នុងវេទិកា​សាធារណៈ​​របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ (រូបថត៖ ផ្តល់ឱ្យ)

លោក​បន្ត​ថា ក្រោយការ​បោះឆ្នោត​ អន្តរជាតិ​នឹង​បន្ត​សហការ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ផល​ប្រយោជន៍​ទៅវិញ​ទៅមក។ លោកថា បើ​គណបក្ស​មូលដ្ឋាន​ចូលរួម​បោះឆ្នោត​ គឺ​អាចស្តារ​លទ្ធិ​ប្រជាធិបតេយ្យ និងអាច​ឱ្យ​មាន​សេរីភាព​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឡើងវិញ សេរីភាព​សារព័ត៌មាន និង​ចូលរួម​ផ្តល់ផល​ប្រយោជន៍​ជាតិ​បានច្រើន។

លោក សាម អ៊ីន បាន​អះអាង​ថា តាម​ទិន្នន័យ​បោះឆ្នោត គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​លទ្ធភាព​ឈ្នះ​មានច្រើន៕

អត្ថបទ៖ សោភា

អត្ថបទពេញនិយម
;