គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចុះ​បញ្ជី​បេក្ខជន​ គ្រប់​រាជធានី-ខេត្ត​ទូទាំង​ប្រទេស

  • 2018-05-11 03:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅរសៀលថ្ងៃទី១១ ខែឧសភា នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដាក់ពាក្យសុំ​ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

លោកឡឹក សុធារ អគ្គលេខាធិការរង​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាន​ឲ្យ​ដឹងថា គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន ដាក់​បេក្ខជន​ឈរឈ្មោះ ទាំង២៥ រាជធានី ខេត្ត ដែល​មាន​បេក្ខជនឈរឈ្មោះសរុបចំនួន ២៧៥នាក់ ក្នុងនោះបេក្ខជន​ពេញសិទ្ធិ ១២៥នាក់ និងបម្រុង ១៥០នាក់។

លោកឡឹក សុធារ ដាក់​ពាក្យ​សុំ​ចុះបញ្ជីគណបក្សនយោបាយនៅ គ.ជ.ប
លោកយ៉េង វិរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាន​ឈរឈ្មោះនៅមណ្ឌលខេត្តកំពង់ស្ពឺ ចំណែក​លោកយ៉ង់ សាំងកុមារ ប្រធានគណៈកម្មាធិការនាយក ឈរឈ្មោះ​នៅខេត្តតាកែវ។

លោកឡឹក សុធារ បញ្ជាក់ថា អ្វីដែល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​សង្ឃឹម​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត នីតិកាល​ទី៦ ឆ្នាំ២០១៨ នេះ គឺ​ការ​អាចបំបែកសម្លេង ២ភាគ៣ របស់គណបក្ស​កាន់អំណាច​។

លោកឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប បាន​ឲ្យ​ដឹងថា គណបក្ស​នយោបាយ​ដែល​​បាន​ចុះបញ្ជី​គណបក្ស​​ឈរ​ឈ្មោះ​​បោះឆ្នោត និង​ចុះបញ្ជី​​បេក្ខជន​ឈរ​ឈ្មោះ គិត​ត្រឹម​ថ្ងៃ​ទី១១ ខែ​ឧសភា មាន​ចំនួន​ ៨គណបក្ស ​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែរតែមួយ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សប្រជាធិតេយ្យមូលដ្ឋាន។ ក្នុងចំណោមគណបក្សទាំង៨ គឺ គ.ជ.ប បានទទួលស្គាល់គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​យុវជន​កម្ពុជា ជាផ្លូវការហើយ៕

រូបសញ្ញា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន

អត្ថបទ៖ សោភា

អត្ថបទពេញនិយម
;