គ.ជ.ប រៀបចំ​ការងារ​រួចរាល់​ហើយ សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា

  • 2018-02-24 00:46:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឌឹម សុវណ្ណារុំ សមាជិក និង​ជា​អ្នក​នាំ​ពាក្យ គ.ជ.ប បាន​ឲ្យដឹង​ថា គ.ជ.ប បាន​រៀបចំ​ដំណើរការ​បោះឆ្នោត​ព្រឹទ្ធសភា នា​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កុម្ភៈ​ស្អែក​នេះ បាន​រួចរាល់​អស់​ហើយ។ ក្នុង​នោះ សម្ភារៈ​នានា ដែល​នឹង​ត្រូវ​ប្រើប្រាស់ សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត ក៏​បាន​ដឹកជញ្ជូន​ទៅ​កាន់​មណ្ឌល​បោះឆ្នោត​នានា​ទូ​ទំាង​ប្រទេស​រួចរាល់​ហើយ​ផងដែរ។

លោក ឌឹម សុវណ្ណារុំ បន្ថែម​ថា នៅ​ថ្ងៃ​សៅរ៍ ទី​២៤​កុម្ភៈ​នេះ ដែល​ជា​ថ្ងៃ​ស ដែល​គ្រប់​គណបក្ស​នយោបាយ​ទំាងអស់ មាន​ភាព​ស្ងប់ស្ងាត់ ដោយ​អនុវត្តន៍​បាន​ល្អ តាម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត។ បន្ថែម​លើស​ពី​នេះ រូបភាព​អសកម្ម​នានា ក៏​មិន​មាន​អ្វី​កើតឡើង គួរ​ឲ្យ​ចាប់អារម្មណ៍​ឡើយ​ដែរ​។

ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា នឹង​ធ្វើឡើង នៅ​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កុម្ភៈ ស្អែក​នេះ ចាប់ពី​ម៉ោង ៧ ​ព្រឹក ដល់​ម៉ោង ៣ រសៀល។ នៅ​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ​នេះ ជា​ថ្ងៃ​ស ដែល​គ.ជ.ប កំណត់​ថា មិន​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ ធ្វើ​សកម្មភាព​ឃោសនា​បោះឆ្នោត​ទៀត​នោះ​ទេ។

គួរ​រំឭក​ថា គណបក្ស​នយោបាយ​៤ ដែល​ចូលរួម​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​នេះ រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ិនស៊ិនប៉ិច គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ។ ការ​បោះឆ្នោត​ព្រឹទ្ធសភា ឆ្នាំ​២០១៨ ​នេះ មាន​ការិយាល័យ​បោះឆ្នោត​ចំនួន ៣៣ ដែល​មាន​អ្នក​បោះ​ឆ្នោត ជា​សមាជិក​រដ្ឋ​សភា និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ក្នុង​តំណែង​សរុប ១១៦៩៥​ នាក់៕

អត្ថបទ៖ លីហៀង

អត្ថបទពេញនិយម
;