ឃោសនាថ្ងៃទី១៖ CPP ចេញ​សកម្មភាព​ច្រើន​ជាងគេ ឯ​​ហ៊្វុនស៊ិនប៉ិច ចាក់​មេក្រូ

  • 2018-02-10 19:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មា​ធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​ថា នៅថ្ងៃ​ទី១ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា កាលពី​ថ្ងៃទី​១០ ខែ​កុម្ភៈ​ម្សិលមិញ គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​សកម្មភាព​ឃោសនា​ច្រើន​ជាងគេ ក្នុង​ចំណោម​គណបក្ស​ទាំង​៤ ដែលបាន​ចូលរួម​ការ​ប្រកួត​ប្រជែង​បោះឆ្នោត​ព្រឹទ្ធសភា។

ពិធីបេីកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ របស់ CPP នៅភូមិភាគ៣ ខេត្តកណ្តាល។ រូបថត៖ ហ្វេសប៊ុក CPP
លោក ឌឹម សុវណ្ណារុំ សមាជិក និងជា​អ្នក​នាំពាក្យ គ.ជ.ប បាន​ឲ្យដឹង​ថា គណបក្ស​នយោបាយ​បាន​ធ្វើ​សកម្មភាព​ឃោសនា​បោះឆ្នោត ស្រប​តាមច្បាប់។ ក្នុង​នោះ គណបក្ស​ប្រជាជន​កម្ពុជា នៅខេត្ត​តាកែវ ដែលជា​ភូមិ​ភាគទី​៥ បានចេញ​ឃោសនា​ទ្រង់ទ្រាយ​ធំ ដោយការ​ដង្ហែក្បួន​ឃោសនា​តាមផ្លូវ។ ក្រៅពីនោះ គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ជួប​ប្រជុំ ផ្សព្វផ្សាយ ចែក​ខិតបណ្ណ បង្ហាត់​អ្នក​បោះឆ្នោត​គូស​សន្លឹក​ឆ្នោត ចាក់​មេក្រូ​ឃោសនា​ពី​កម្មវិធី/គោល​នយោបាយ តាម​ទីស្នាក់ការ​គណបក្ស​ទូទាំង​ប្រទេស។

លោក ឌឹម សុវណ្ណារុំ បន្ត​ថា ដោយឡែក គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅថ្ងៃ​ទី១​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ក៏បាន​ចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា ដោយ​ចាក់​មេក្រូ បង្ហាញ​ពី​សារ​នយោបាយ​របស់​ខ្លួន នៅតាម​ទីស្នាក់ការ​មួយ​ចំនួន។ រីឯ​គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មិនទាន់​មាន​សកម្មភាព​ឃោសនា​នៅ​ឡើយទេ។

លោក ឌឹម សុវណ្ណារុំ ក្នុងកិច្ចប្រជុំរបស់ គ.ជ.ប នាពេលកន្លងមក

លោក ឌឹម សុវណ្ណារុំ បាន​បញ្ជាក់​ថា «គ.ជ.ប បាន​វាយ​តម្លៃ​ថា នៅ​ថ្ងៃទី១ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី៤ នា​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៨ គឺ​ដំណើរការ​ឃោសនា​បោះឆ្នោត​នេះ បាន​ប្រព្រឹត្ត​ទៅដោយ​ស្ងប់ស្ងៀម ស្ថិរភាព និង​មិនមាន​អំពើហិង្សា​ណាមួយ​កើតឡើង​ទេ នៅ​ទូទាំង​ប្រទេស»។

សូមជម្រាប​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០-២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដោយ​គណបក្ស​នយោបាយ ដែល​ចូលរួម​ការ​បោះឆ្នោត​ព្រឹទ្ធសភា អាច​ហែក្បួន​ឃោសនា​បោះឆ្នោត បាន ២​ដង នៅតាម​ភូមិភាគ​នីមួយៗ។ ក្រៅពី​នោះ គណបក្ស​នយោបាយ ក៏អាច​ជួបជុំ ចាក់​មេក្រូ និង​ចែក​ខិតបណ្ណ​ឃោសនា​ដល់​អង្គ​បោះឆ្នោត​ផងដែរ៕

អត្ថបទ៖ លីហៀង

អត្ថបទពេញនិយម
;