ជិត២​ទសវត្សរ៍​ក្រោយ​ការ​បង្កើត​ ព្រឹទ្ធសភា​មាន​ដំណើរ​វិវឌ្ឍ​អ្វីខ្លះ​?

  • 2018-02-09 23:57:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម គ.ជ.ប បាន​ឲ្យដឹង​ថា​ ព្រឹទ្ធសភា ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៩ ក្រោយ​ពី​មាន​វិបត្តិ​នយោបាយ ក្រោយ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាល​ទី២ កាល​ពី​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​១៩៩៨។ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ជួប​ប្រជុំ​គ្នា កាល​ពី​ថ្ងៃ​ទី១២-១៣ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨ នៅ​ប្រាសាទ​ខេមរិន្ទ្រ ក្នុង​ព្រះ​បរមរាជវាំង ក្រោម​ព្រះ​រាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​ព្រះបរមរតន​កោដ្ឋ នរោត្តម សីហនុ។

ជា​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ ស្ថាប័ន​ព្រឹទ្ធសភា ត្រូវ​បាន​បង្កើត​ឲ្យ​មាន​ឡើង​វិញ ដោយ​ត្រូវ​ធ្វើ​វិសោធនកម្ម រដ្ឋ​ធម្មនុញ្ញ ឆ្នាំ​១៩៩៣។ វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​នេះ ត្រូវ​បាន​រដ្ឋសភា អនុម័ត នៅថ្ងៃ​ទី​០៤ ខែ​មីនា ឆ្នាំ​១៩៩៩​។

ព្រឹទ្ធសភា និតិកាលទី១ ត្រូវ​បាន​បង្កើត​ឡើង នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​១៩៩៩ ដែល​មាន​អាណត្តិ ៥​ឆ្នាំ និង​ត្រូវ​បាន​បន្ត​អាណត្តិ​របស់​ខ្លួន ១​ឆ្នាំ​ទៀត គឺ​នៅ​ឆ្នាំ​២០០៥ ដោយសារតែ​នៅ​ពេល​នោះ រដ្ឋសភា កំពុង​ជាប់​រវល់​រៀបចំ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា។

ព្រឹទ្ធសភា នីតិកាល​ទី១ មាន​សមាជិក ៦១ រូប ដោយ​កើត​ចេញ​ពី​ការ​ចាត់​តាំង និង​ជ្រើស​តាំង ក្នុង​នោះ៖ ព្រះ​មហាក្សត្រ ចាត់​តាំង​សមាជិក​ព្រឹទ្ធ​សភា ចំនួន ២ រូប គណបក្ស​ប្រជាជន​កម្ពុជា ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា ចំនួន ៣១ រូប គណបក្ស​ហ៊្វុនស៊ិនប៉ិច ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា ចំនួន ២១ រូប និង​គណបក្ស​សមរង្ស៊ី ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា ចំនួន ៧​ រូប។

ព្រឹទ្ធសភា នីតិកាល​ទី២ និង​នីតិកាល​ទី៣ សមាជិក​កើតឡើង​តាម​រយៈ​ការ​បោះឆ្នោត​អសកល និង​មាន​អាណត្តិ ៦​ឆ្នាំ ហើយ​ត្រូវ​ផុត​កំណត់​នៅ​ពេល​ព្រឹទ្ធសភា​ថ្មី ចូល​កាន់​តំណែង អនុលោម​តាម​មាត្រា ១០២ ថ្មី នៃ​រដ្ឋ​ធម្មនុញ្ញ ឆ្នាំ​១៩៩៣។ សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី២ និង​នីតិកាល​ទី៣ មាន​សមាជិក​ចំនួន ៦១ រូប ដូច​គ្នា ក្នុង​នោះ មាន​សមាជិក ចំនួន ៥៧​ រូប ត្រូវ​បាន​ជ្រើសតាំង​ដោយ​ការ​បោះឆ្នោត​អសកល និង​សមាជិក ៤​រូប​ទៀត គឺ​២រូប ចាត់​តាំង​ដោយ​ព្រះមហាក្សត្រ និង​២រូប​ទៀត ជ្រើសតាំង​ដោយ​រដ្ឋសភា តាម​មតិ​ភាគ​ច្រើន​ដោយ​ប្រៀប យោង​តាម​មាត្រា ១០០​ថ្មី នៃ​រដ្ឋ​ធម្មនុញ្ញ ឆ្នាំ១៩៩៣​។​

ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី២ បាន​ប្រព្រឹត្ត​ទៅ កាល​ពី​ថ្ងៃ​អាទិត្យ ទី​២២ ខែ​មករា ឆ្នាំ​២០០៦។ សមាជិក​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​អសកល រួមមាន៖ គណបក្ស​ប្រជាជន​កម្ពុជា មាន​សមាជិក ៤៥​ រូប គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​សមាជិក ១០​រូប និង​គណបក្ស​សម​រង្ស៊ី មាន​សមាជិក ២​ រូប។

ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី៣ បាន​ប្រព្រឹត្ត​ទៅ កាលពី​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​មករា ឆ្នាំ​២០១២។ សមាជិក ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​អសកល រួមមាន៖ គណបក្ស​ប្រជាជន​កម្ពុជា មាន​សមា​ជិក ៤៦ រូប និង​គណបក្ស​សមរង្ស៊ី មាន​សមាជិក ១១ ​រូប។

ជាមួយ​គ្នា​នោះ គ.ជ.ប ក៏​បាន​ប្រកាស​ថា ព្រឹទ្ធសភា នីតិកាល​ទី៤ មាន​សមាជិក​ចំនួន ៦២ រូប ដែល​ចំនួន​នេះ ស្មើ​នឹង​ពាក់​កណ្តាល​នៃ​ចំនួន​សមាជិក​រដ្ឋសភា នីតិកាល​ទី៦ ដែល​មាន​សមាជិក​ចំនួន ១២៥ ​រូប។ សមាជិក ២ ​រូប ត្រូវ​បាន​ចាត់​តាំង​ដោយ​ព្រះមហាក្សត្រ និង​សមាជិក ២រូប​ទៀត ត្រូវបាន​រដ្ឋសភា ជ្រើស​តាំង​តាម​មតិ​ភាគច្រើន​ដោយ​ប្រៀប។ សមាជិក​ព្រឹទ្ធសភា​ឯ​ទៀត ត្រូវ​ជ្រើសតាំង​ដោយ​ការ​បោះឆ្នោត​អសកល មិន​ចំពោះ តាម​វិធី​ជ្រើសរើស​ឆ្នោត​ជា​សម្ងាត់។

គ.ជ.ប បាន​ប្រកាស​ថា អាសនៈ​នៅ​ក្នុង​ព្រឹទ្ធសភា ដែល​ត្រូវ​បោះឆ្នោត​ជ្រើស​តាំង ត្រូវ​បែងចែក​តាម​ភូមិ​ភាគ ដូច​ខាងក្រោម៖

  • ភូមិ​ភាគ​ទី១ រាជធានី​ភ្នំពេញ មាន ៦​អាសនៈ

  • ភូមិ​ភាគ​ទី​២ មាន​ខេត្ត​កំពង់​ចាម និង​ខេត្ត​ត្បូងឃ្មុំ មាន ៨​អាសនៈ

  • ភូមិភាគ​ទី​៣ ខេត្ត​កណ្តាល មាន ៥ ​អាសនៈ

  • ភូមិ​ភាគ​ទី​៤ ខេត្ត​បាត់ដំបង បន្ទាយ​មានជ័យ សៀមរាប ឧត្តរមានជ័យ និង​ខេត្តប៉ៃលិន មាន ១០ ​អាសនៈ

  • ភូមិភាគ​ទី៥ ខេត្ត​តាកែវ កំពត និង​ខេត្ត​កែប មាន ៧ ​អាសនៈ

  • ភូមិភាគ​ទី៦ ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង មាន ៧ ​អាសនៈ

  • ភូមិភាគទី៧ ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និង​ខេត្តព្រះសីហនុ មាន ៩ អាសនៈ

  • និងភូមិភាគទី៨ ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី មាន ៦អាសនៈ​។

គ.ជ.ប បាន​រំឭក​ថា ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ មាន​គណបក្ស​នយោបាយ​ចំនួន ​៤ បាន​ចូលរួម​ប្រកួត​ប្រជែង ក្នុង​នោះ រួមមាន៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​៕

អត្ថបទ៖ លីហៀង

អត្ថបទពេញនិយម
;