យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា ចាប់ផ្ដើម​ដោយ​ការ​ជួប​ប្រជុំ និង​ចែក​ខិតប័ណ្ណ

  • 2018-02-09 23:14:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ទី១០ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ គឺ​ជា​ថ្ងៃ​ទី១ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី៤ ឆ្នាំ​២០១៨។ នៅ​ព្រឹក​ថ្ងៃ​ទី១ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​រយៈ​ពេល ១៤ ថ្ងៃ​នេះ គណបក្ស​នយោបាយ​ទាំង ៤ ដែល​បាន​ចុះឈ្មោះ​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ព្រឹទ្ធសភា ភាគ​ច្រើន​បាន​ជួប​ប្រជុំ និង​ចែក​ខិត​ប័ណ្ណ​ដល់​អ្នក​តំណាងរាស្ត្រ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​ជា​អង្គ​បោះឆ្នោត នៅ​តាម​មណ្ឌល​បោះឆ្នោត នៅ​ទូទាំង​ប្រទេស។

លោក ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នក​នាំ​ពាក្យ គ.ជ.ប បាន​ឲ្យដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី១០​កុម្ភៈ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា រយៈ​ពេល ១៤​ថ្ងៃ​នេះ ភាគច្រើន​គណបក្ស​នយោបាយ ដែល​ចូលរួម​ការ​បោះឆ្នោត​ព្រឹទ្ធសភា បាន​ជួប​ប្រជុំ​ជាមួយ​អង្គ​បោះឆ្នោត ដែល​ជា​អ្នក​តំណាងរាស្ត្រ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅ​គោលដៅ​និមួយៗ ដោយ​នៅ​ព្រឹក​នេះ គ.ជ.ប មិនទាន់​ទទួល​បាន​របាយការណ៍​ពី​ការ​ហែក្បួន​តាម​ផ្លូវ​សាធារណៈ​នៅ​ឡើយ​ទេ។

យ៉ាង​ណា​ក៏ដោយ លោក ហង្ស ពុទ្ធា បន្ថែម​ថា គណបក្ស​នយោបាយ​នីមួយៗ អាច​ហែក្បួន​ឃោសនា​បោះឆ្នោត បាន ២​ដង ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ។ ក្រៅ​ពី​នោះ គណបក្ស​នយោបាយ ក៏​អាច​ជួប​ជុំ និង​ចែក​ខិតប័ណ្ណ​ឃោសនា​ដល់​អង្គ​បោះឆ្នោត​ផងដែរ។

ជាមួយ​គ្នា​នេះ លោក ហង្ស ពុទ្ធា បន្ត​ថា ស្ពត​ឃោសនា​របស់​គណបក្ស​នយោបាយ​នីមួយៗ ក៏​ត្រូវ​បាន​ គ.ជ.ប រៀបចំ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍ និង​វិទ្យុជាតិ អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ​ផង​ដែរ​។

សូម​រំឭក​ថា មាន​គណបក្ស​នយោបាយ ចំនួន ​៤ បាន​ចុះឈ្មោះ ដាក់​បេក្ខជន​ចូលរួម​ការ​បោះឆ្នោត​ព្រឹទ្ធសភា អាណត្តិ​ទី៤ នា​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ រួម​មាន៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច៕

អត្ថបទ៖ លីហៀង

អត្ថបទពេញនិយម
;