បក្ស​មូលដ្ឋាន ស្នើឲ្យ​សមាជិក​អតីត CNRP វិល​ទៅរក​គណបក្ស​ភ្លើងទៀន ឬ​សិទ្ធិ​មនុស្ស​វិញ

  • 2018-01-20 20:41:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គ​លេខា​ធិការ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន បាន​ស្នើឲ្យ​ក្រុម​អតីត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ វិល​ទៅរក​គណបក្ស​ភ្លើងទៀន (អតីត​គណបក្ស​សមរង្ស៊ី) ឬ​គណបក្ស​សិទ្ធិ​មនុស្ស ដែល​ជា​ទ្រនំ​ចាស់​របស់​ពួកគេ​វិញ ដើម្បី​បំបែក​សំឡេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក សាម អ៊ីន
សូម​រំលឹក​ថា គណបក្ស​សង្គ្រោះ​ជាតិ គឺ​កើតឡើង​ចេញពី​ការ​រួបរួម​គ្នា​រវាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស កាលពី​ឆ្នាំ​២០១៣ ដើម្បី​រួម​កម្លាំង​គ្នា​ចូលរួម​បោះឆ្នោត​នា​ពេល​នោះ។ ប៉ុន្តែ​កាល​ពីខែ​វិច្ឆិកា ឆ្នាំ​២០១៧​កន្លងទៅ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល​ប្រកាស​រំលាយ ហើយ​មិនអាច​ចូលរួម​បោះឆ្នោត​នាខែ​កក្កដា​ខាងមុខ​នេះ​ឡើយ។

ថ្មីៗ​នេះ លោក សម រង្ស៊ី ក៏​បាន​ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដើម្បី​ស្តារ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ឡើងវិញ ដោយ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា និង​ទាមទារ​ឲ្យមាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ប៉ុន្តែ​មេធាវី​របស់​លោក កឹម សុខា បញ្ជាក់​ថា លោក កឹម សុខា មិន​ចូលរួម និង​គាំទ្រ​ចលនា​សង្គ្រោះជាតិ​នេះ​ទេ។

លោក កឹម សុខា និង​លោក សម រង្ស៊ី លើកកាន់​ដៃគ្នាកាលពីពេលកន្លងមក

ហេតុ​ដូច្នេះ លោក សាម អ៊ីន អះអាង​ថា បើ​ក្រុម​អតីត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រកួត​ប្រជែង ក្រោម​ដំបូល​គណបក្ស​ភ្លើងទៀន ឬ​គណបក្ស​សិទ្ធិ​មនុស្ស ហើយ​បូក​រួម​ទាំង​សន្ទុះ​កើន​ឡើង នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​គួរឲ្យ​កត់​សម្គាល់ពី​ម្ចាស់​ឆ្នោត​ពេលនេះ នោះ​សេណារីយោ​នយោបាយ ឆ្នាំ​២០១៨ នឹង​បង្កើត​បាន​មុំ​៣។ លោកថា មុំ៣នេះ នឹង​​បំបែក​សំឡេង ​៥០%+១ របស់​គណបក្ស​កាន់​អំណាច មិន​ឲ្យ​គណបក្ស​នេះ ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត ដូច​សព្វថ្ងៃ​នេះ​បានឡើយ៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;